Skip to content

ឯក

[អែក]
  1. សំខ្យា (សំ.បា.) មួយ; ម្នាក់ ។ គុ.ដែលមានតែមួយឬតែម្នាក់, ឥតមានពីរ, ឥតពីរ; ទីមួយ, លេខមួយ; ឧត្តម, ខ្ពស់, ខ្ពង់ខ្ពស់;ប្រសើរ, ប្រសើរផុត; លើសលែង, លើសលន់, កន្លង; ចម្បង; សំខាន់; ដែលដាច់គេ, បណ្ដាច់; ផុត, បំផុត; ស្រស់, ឆើត; ឆ្នើម; ថ្លៃថ្លា; ឥតមានប្រៀប; ដែលតែម្ដង; ដែលព្រមគ្នា : ឯកអគ្គ ឬ –អគ្រ (–អាក់) ប្រសើរឯក ។ ឯកអង្គ អង្គប្រសើរផុត; អ្នកដែលមានខ្លួនប្រសើរផុត ( ព. កា. ) : ក្សត្រិយ៍ក្សាន្តឯកអង្គ ស្ដេចយាងតម្រង់ ទៅកាន់ប្រាសាទ រាជនិវេសន៍ ប្រសើរស្អាងស្អាត ដល់ហើយព្រះបាទ ទ្រង់ស្ដេចចូលក្នុង ។ ពាក្យបណ្ដៅបុរាណថា : ឯកអង្គទ្រង់នាមឯកខ្ពស់អនេក ទាបជាងស្មៅ តើគឺអ្វី? –ភ្នំ– ត្រូវហើយ ។ ឯកឧក ឬ –ឧគ្គ ( –អុក ) ឲកញ៉ាទីមួយឬខ្ពង់ខ្ពស់កន្លង ។ ឯកឧត្តម ឧត្តមលើសលែង ។ ឯកឯង តែឯង, តែម្នាក់ឯង : មនុស្សឯកឯង; នៅឯកឯង ។ ចំណេះឯក ចំណេះខ្ពស់។ ជាឯក ជាទីមួយ : ទុកជាឯក ទុកថាជាទីមួយឬជាលេខមួយ ។ តួឯក តួឆើត, តួស្រស់ : ល្ខោនតួឯក ។ ប្រសើរឯក ប្រសើរផុត ។ ល្អឯក ល្អផុត ។ សម្រាប់ឯក សម្រាប់ទីមួយ ឬតំណែងទីមួយ : មន្ត្រីសម្រាប់ឯក ។ល។ អ. ថ.អេកៈ ឬតាមទម្លាប់ថា អែកៈ ក៏មានខ្លះ (សំ. ឰក ឬ ឰក្យ អ.ថ. អែកៈ ឬ –ក្យៈ ), ដូចជា ឯកកោលាហល ( –ល៉ាហល់ ) ដំណើរជ្រួលជ្រើមព្រមគ្នា ។ ឯកគ្គតា ( អេក័ក-គៈ– ) ដំណើរតាំងនៅមូលស្លុងក្នុងអារម្មណ៍តែមួយ, ដំណើរមូលចិត្តស្លុងក្នុងអារម្មណ៍តែមួយ ( ហៅ ឯកគ្គតាចិត្តក៏បាន ) ។ ឯកចក្ខុ ឬ –ចក្សុ ភ្នែកតែម្ខាង; អ្នកដែលមានភ្នែកតែម្ខាង ( ខ្វាក់ម្ខាង ) ។ ព. កា. ប្រើជា ឯកច័ក្សុ ក៏បាន, អ. ថ. –ចាក់ ។ ឯកចរ ការត្រាច់ឬដើរម្នាក់ឯង ។ ឯកចារិន ឬ –ចារី អ្នកដែលត្រាច់ឬដើរតែម្នាក់ឯង ( បើស្ត្រីជា ឯកចារិណី ឬ –រិនី ) ។ ឯកចិត្ត ចិត្តមួយ; គំនិតតែមួយ; គំនិតត្រូវគ្នាតែមួយ; អ្នកដែលមានគំនិតត្រូវគ្នាតែមួយ : ពួកឯកចិត្ត ពួកអ្នកត្រូវគំនិតគ្នា ខ្មែរប្រើសំដៅសេចក្ដីថា " ស្រេចនឹងចិត្ត, សេរី, សេរីភាព " ក៏មាន : មនុស្សឯកចិត្ត, នៅស្រណុកឯកចិត្ត, មនុស្សស្រណុកឯកចិត្ត ។ ឯកច្ឆត្រ ( –ក័ច-ឆ័ត ) ដែលមានស្វេតច្ឆត្រតែមួយ គឺមានក្សត្រិយ៍ទ្រង់រាជ្យតែមួយព្រះអង្គ មានរាជានុភាពពេញទី : ប្រទេសឯកច្ឆត្រ ប្រទេសឯករាជ្យ ។ ឯកច្ឆន្ទ ( –ក័ច-ឆ័ន ) ចំណង់តែមួយ; បំណងតែមួយ; បំណងត្រូវគ្នាតែមួយ; ដែលមានបំណងត្រូវគ្នាតែមួយ, ដែលព្រមចិត្តគ្នា : ខំប្រឹងធ្វើការដោយឯកច្ឆន្ទ, ព្រមគ្នាជាឯកច្ឆន្ទ; ពួកឯកច្ឆន្ទ ។ ខ្មែរប្រើក្លាយជា ឯកច្ឆាន្ទ សំដៅសេចក្ដីថា " ស្រេចលើខ្លួន, សេរី, អត្តាធីន " : មនុស្សឯកច្ឆាន្ទ ។ ឯកជន ជនម្នាក់, មនុស្សម្នាក់។ ចំពោះតែខ្លួនមួយ : ការឯកជន ការចំពោះតែមនុស្សម្នាក់ៗ ។ ឯកជាតិ ជាតិមួយ, មួយជាតិ( កំណើតមួយ ) ។ ឯកទត្ត ( –ទ័ត ) អ្វីៗដែលគេត្រូវឲ្យចំពោះតែបុគ្គលម្នាក់ : របស់ឯកទត្ត ។ ឯកទិដ្ធិ ដែលមានទិដ្ធិត្រូវគ្នា; អ្នកដែលមានសេចក្ដីយល់ឃើញត្រូវគ្នា ។ ឯកទិន ថ្ងៃមួយ, មួយថ្ងៃ; ពាក្យសន្មតហៅសន្លឹកក្រដាសដែលមានចុះថ្ងៃខែ សម្រាប់មើលបានតែមួយថ្ងៃៗ ហើយត្រូវបើកបកសន្លឹកថ្ងៃដែលកន្លងផុតទៅនោះចោលចេញ ក្នុងមួយថ្ងៃមួយសន្លឹករៀងរាល់ថ្ងៃ ដើម្បីនឹងមើលថ្ងៃខែតៗគ្នាជាលំដាប់ទៅ : មើលឯកទិន, ទិញឯកទិន ។ ឯកទិស ទិសមួយ, ទិសម្ខាង; ទិសឬផ្លូវដែលតម្រូវឲ្យអ្នកបើកបររថយន្តឬយានផ្សេងៗ ប្រកាន់យកបានតែម្ខាងៗគឺថាបានតែទៅ ឯមកបញ្ច្រាសមិនបាន ឬបានតែមក ឯទៅមិនបាន ។ ឯកទុក្ខ ទុក្ខត្រូវគ្នា; អ្នកដែលមានទុក្ខត្រូវគ្នា ។ ឯកទេស ភាគមួយ, ចំណែកមួយដែលត្រូវលើកឬទាញយកមកនិយាយផ្សេងដោយឡែក : និយាយដោយឯកទេស ពិសេស, ប្លែក : វត្ថុឯកទេស ។ ឯកធីតា កូនស្រីតែមួយ ។ ឯកធ្យាស្រ័យ ឬ ឯកជ្ឈាស័យ អធ្យាស្រ័យត្រូវគ្នា; អ្នកដែលមានអធ្យាស្រ័យត្រូវគ្នា ។ ឯកន័យ ន័យមួយ; ដែលមានន័យតែមួយ, មានន័យត្រូវគ្នា : សេចក្ដីនេះជាឯកន័យ; ពាក្យទាំងនេះជាឯកន័យ ។ ឯកនាម ឈ្មោះត្រូវគ្នា; អ្នកដែលមាននាមត្រូវគ្នា ដែលរស់ដោយសារអាហារដូចគ្នា : សត្វលោកទាំងអស់ជាឯកនាម ព្រោះសុទ្ធតែរស់ដោយសារអាហារដូចគ្នា ។ ឯកនិន្នាទ ដែលមានដំណើរគឹកកងឬកងរំពងតែមួយ, ដែលមានសូរសព្ទកងរំពងរួមគ្នាតែមួយ : សម្រែកហ៊ោឯកនិន្នាទ ។ ឯកនេត្ត ឬ –នេត្រ ដូចគ្នានឹង ឯកចក្ខុ ។ ឯកន្តសុខ ដែលសុទ្ធតែសុខ ។ ឯកន្តបរមសុខ ដែលសុទ្ធតែសុខយ៉ាងក្រៃលែង ។ ឯកបថ ( –បត់ ) ផ្លូវឬគន្លងតែមួយ; ដែលមានផ្លូវឬគន្លងតែមួយ; ដែលមានផ្លូវឬលំអានត្រូវគ្នា ។ ឯកបទ បទមួយ; ដែលមានបទតែមួយ ។ ឯកបទិក ឬ –បទី ផ្លូវជើង ។ ឯកបុគ្គល ឬ –បុរស បុគ្គលស្រួចឆ្នើម ឬបុរសប្រសើរផុត ។ ឯកបុត្ត ឬ –បុត្រ កូនប្រុសតែមួយ ។ ឯកប្បហារ ( –ក័ប-ប៉ៈហា ) ឬ –ប្រហារ ប្រហារតែម្ដង ដំណើរព្រមគ្នា, ស្មើគ្នា : នាំគ្នាចូលចោមចាប់ជាឯកប្បហារ; រត់ខ្នាប់ជាឯកប្បហារ ។ ឯកភក្ដី ( ជើង ដ,អ. ថ.–ភ័ក-ក្ដី) សេចក្ដីស្រឡាញ់ស្មោះរួមចិត្តគំនិតគ្នាចំពោះទៅលើបុគ្គលម្នាក់; ដែលមានភក្ដីចំពោះតែទៅលើបុគ្គលម្នាក់ : អាណាប្រជាជនទាំងអស់ត្រូវមានចិត្តស្មោះស្ម័គ្រឯកភក្ដីចំពោះព្រះបរមក្សត្រិយ៍របស់ខ្លួន ( ប្រើជា ឯកភក្ដិ ឬ –ភ័ក្ដិ ក៏បាន, អ. ថ. –ភ័ក ) ។ ឯកភត្តិក ឬ -ភក្ដិកៈ, ឯកភោជិន ឬ –ភោជី អ្នកដែលបរិភោគភោជនាហារក្នុងមួយថ្ងៃ ( មួយថ្ងៃមួយយប់ ) តែម្ដង; ( ព. ពុ. ចំពោះអ្នកដែលបរិភោគមួយថ្ងៃតែម្ដង ក្នុងវេលាពីព្រឹកទល់នឹងថ្ងៃត្រង់ ); បើស្ត្រីជា ឯកភត្តិកា ឬ ឯកភោជិនី ។ ឯកភរិយា ភរិយាទីមួយ, ភរិយាធំ, ប្រពន្ធដើម ( ហៅ ឯកបត្នី ក៏បាន ) ។ ឯកភាគ ចំណែកមួយ, មួយចំណែក ។ ឯកភាព ឬ ឰក– , ឰក្យ– ភាពមួយ, ភាពត្រូវគ្នា; ដែលមានបែបបទ, សណ្ដាប់ធ្នាប់, សម្លៀកបំពាក់, ឫកពា ត្រូវគ្នា : ប្រទេសឯកភាព, ស្រុកឯកភាព ។ ឯកភោជន ភោជនតែមួយមុខ ។ ឯកមគ្គ ឬ –មាគ៌ា ផ្លូវមួយ ។ ឯកមតិ ឬ –ម័តិ គំនិតតែមួយ; អ្នកដែលមានគំនិតត្រូវគ្នា ។ ឯកមាស មួយខែ ។ ឯករត្តិ, –រាត្រី ឬ ឰករាត្រី, ឰករាត្រ ( –រាត ) មួយយប់ ។ ឯករស រសតែមួយ; ដែលមានរសត្រូវគ្នា : ទឹកមហាសមុទ្រជាឯករស; រិមុត្តិសុខជាឯករស ។ ឯករាជ ( អែក-កៈ-រាច) ស្ដេចឯក; ដែលមានស្ដេចសោយរាជ្យឬអ្នកគ្រប់គ្រងប្រទេសមួយមិនជាចំណុះប្រទេសណា ។ ឯករាជ្យ ( –រាច) ឬ ឰក្យរាជ្យ រាជ្យឯក, រាជ្យនៃស្ដេចឯក; ភាពនៃរដ្ឋឬប្រទេសដែលមានសិទ្ធិនិងសេរីភាពពេញបរិបូរ ក្នុងការគ្រប់គ្រងខ្លួនឯងមិនមែនជាចំណុះនៃប្រទេសដទៃ : គ្រប់គ្រងឯករាជ្យ, ការពារឯករាជ្យ ។ ឯករូប ដែលមានរូបដូចគ្នា ។ ឯកលាភ លាភឯក; លាភចំពោះតែបុគ្គលម្នាក់ ឬលាភដែលត្រូវបានតែម្ដងប៉ុណ្ណោះ ។ ឯកវចនៈ (ព. វ.) ពាក្យប្រាប់ចំនួនតែមួយឬតែម្នាក់, ដូចជា តុមួយ, កៅអីមួយ, ក្មេងម្នាក់ ជាដើម ( ព. ផ្ទ. ទ្វិវចនៈ, ពហុវចនៈ ) ។ ឯកវណ្ណ ឬ –ព័ណ៌ ព័ណ៌ឯក; ព័ណ៌តែមួយ; ដែលមានព័ណ៌ឬសម្បុរដូចគ្នា ។ ឯកស័ក ស័កទីមួយ( នៃឆ្នាំ ) : ឆ្នាំកុរឯកស័ក ។ ឯកស័ក្ដិ ឬ ឰក– ស័ក្ដិស្មើគ្នា; ដែលមានស័ក្ដិស្មើគ្នា : មន្ត្រីឯកស័ក្ដិ ។ ឯកសណ្ឋាន សណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប; សម្លៀកបំពាក់តែបែបមួយដែលគេតម្រូវឲ្យកងយោធាឬសិស្សសាលាជាដើមប្រើប្រាស់ជាកាតព្វកិច្ច : ស្លៀកពាក់ឯកសណ្ឋាន, ប្រើប្រាស់គ្រឿងប្រដាប់ជាឯកសណ្ឋាន ដែលមានសណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប : ខោអាវឯកសណ្ឋាន, សម្លៀកបំពាក់ឯកសណ្ឋាន ។ ឯកសព្ទ សូរឮតែមួយដដែលៗ ( ដូចយ៉ាងសូរសំឡេងចង្រិតនិងរៃជាដើម ) ។ ឯកសារ ដែលសុទ្ធតែខ្លឹម; ដែលមានខ្លឹមដូចគ្នា( បុរាណប្រើសំដៅសេចក្ដីថា "សំបុត្រសន្យាសម្លាក់សំខាន់" ក៏មាន : សំបុត្រឯកសារ ) ។ ឯកសិទ្ធិ សិទ្ធិតែមួយ; អំណាចដោយឡែក; អត្ថប្រយោជន៍ដាច់មុខតែម្នាក់ឯង : បានទទួលឯកសិទ្ធិ, មានឯកសិទ្ធិ ។ ឯកសេស សព្ទដែលលុបទុកឲ្យនៅសល់តែមួយ; ហៅ ឯកសេសន័យ ក៏បាន ( ព. វ. សំ.បា. ) ។ ឯកអគ្គារហន្ត ឬ ឯកអគ្គារហា ( អែក-អ័ក-គារៈហន់ ឬ –រៈហា; បា. < ឯក + អគ្គ + អរហន្ត ឬ –អរហា ) ព្រះអរហន្តប្រសើរឯក ឬព្រះអរហន្តប្រសើរផុត ។ ព. កា. និយាយពីបុគ្គល ១០ ប្រភេទដែលជនពុំត្រូវប្រទូស្តថា : ព្រះពុទ្ធព្រះបច្ចេក និងឯកអគ្គារហា អគ្គសាវកា និងមាតាបិតាផង ។ គ្រូនិងសាស្រ្តាចារ្យ និងទាយកឥតមោះហ្មង និងអ្នកទេស្នាផង កុំយង់ឃ្នងឆ្គងប្រមាថ ។ បុគ្គលទាំងដប់នេះ គួរប្រាជ្ញរិះរេសម្អាត ត្រូវកុំបីប្រមាថ គួរឱហាតរៀនឲ្យចាំ ។ ថាមិនត្រូវប្រទូស្ត ឬរឹងរូសធ្វើឲ្យឆ្គាំ- ឆ្គងខុសក្រែងនឹងនាំ- ឲ្យបានទុក្ខឃើញទាន់ហន់ ។ ល ។ ព. កា. ប្រើជា ឯកា, ឯកោ, ឯកំ ( –ក័ង ) ក៏បាន, ដូចជា : ឯកោ-ឯកានិងឯកំ កវីសម្រាំងតែងកាព្យា ដូចកាព្យថាឯកោរាជា ឯកាទេវីរដ្ឋឯកំ ។ ទាំងបីពាក្យនេះសុទ្ធតែឯក ឥតមានចម្លែកឲ្យភ័ន្តភាំង ប្រើតាមជើងកាព្យចួនមិនគាំង ឯកោឯកំឬឯកា ។ ឯកាធិបតី អធិបតីក្នុងប្រទេសមួយៗ; មន្រ្តីស័ក្ដិធំដែលជាអធិបតីត្រួតត្រារាជការអាណាព្យាបាលក្នុងប្រទេសមួយៗ ( ត្រូវនឹងពាក្យបារ. រ៉េស៊ីដង់ត៍ ស៊ុប៉េរីយើរ Résident Supérieur ) ។ ឯកាធិបតីសភា ទីធ្វើការនៃឯកាធិបតី ។ ឯកាធិបតេយ្យ ឬ ឯកាធិបតៃយ ( –ប៉ៈតៃ ) មុខការ, មុខក្រសួង, នាទី, អំណាចនៃឯកាធិបតី ។ ឯកាយនមគ្គ ឬ –មាគ៌ា ( –យ៉ៈន៉ៈម័ក ឬ –មារ-គា ) ផ្លូវឯក, ផ្លូវសម្រាប់បុគ្គលឯក, ផ្លូវទៅកាន់ព្រះនិព្វាន; ផ្លូវដែលទៅមកបានតែម្នាក់ៗ( ឥតមានអ្នកណាជូនឬកំដរអ្នកណាបានឡើយ ) : ផ្លូវព្រះនិព្វានជាឯកាយនមគ្គ; ការស្លាប់កើតជាឯកាយនមគ្គ ( ព. ពុ. ) ។ ឯការម្មណ៍ អារម្មណ៍តែមួយ; អារម្មណ៍ដែលមូលស្លុងតែមួយ ។ ឯកាសនិកង្គ ( –សៈន៉ិក័ង-គៈ ) ឈ្មោះធុតង្គមួយប្រភេទ, ក្នុងពួកធុតង្គ១៣, មានលក្ខណៈឲ្យបរិភោគភោជនក្នុងមួយថ្ងៃបានតែក្នុងមួយបង្គុយ ( ព. ពុ. ) ។ ឯកោទិភាព ( បា. ឯក + ឧទិ + ភាវ ) ភាពជាចិត្តខ្ពស់ឯក គឺសមាធិចិត្តក្នុងទុតិយជ្ឈាន ( ព. ពុ. ) ។ ល ។ ព. កា. ប្រាប់អំពីការផ្សំ ឯក-សព្ទ ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប : រីសព្ទថាឯក ផ្សំបានអនេក នឹងសព្ទដទៃ ស្រេចនឹងអ្នកប្រើ គេចេះប្រើលៃ ឲ្យតែប្រពៃ កុំឲ្យមានឆ្គង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន ប្រដាប់មួយប្រភេទមានដងសណ្ឋានស្រដៀងនឹងដងធ្នូ ប៉ុន្តែតូចរៀវ មានស្លាបតែមួយ មានសាយ, សម្រាប់ដាក់ស៊កភ្ជាប់នៅក្បាលខ្លែងព្នង, លាន់ឮសូរសព្ទឆ្លើយរងំ ដោយកម្លាំងខ្យល់ប៉ះត្រូវ : យប់មិញគេបង្ហើរខ្លែងបួនប្រាំឮតែសូរឯកឆ្លើយគ្នារងំ ( ហៅ ឯកខ្លែង ក៏បាន ) ។ ឯកង៉ាវ ឈ្មោះឯកខ្លែងមួយប្រភេទ មានតែស្លាបភ្ជាប់ឥតសាយ ធ្វើដោយស្លឹករឹតសកឲ្យស្ដើង ចងភ្ជាប់នឹងចុងដងឮសូររនង៉ាវៗ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ឆ្លង រង រស ដៀង ចែង ដេក ផ្អែក ចោល ឧបករណ៍ លេង រាល់ ដោយសារ ប្រកប ដែក នាម រាជាណា មា សំខាន់ អាហារ សូត្រ រយៈពេល ថ្នាំ ការណ៍ ព័ត៌មាន

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.