Skip to content

យក

  1. កិ កាន់; នាំ, នាំទៅមក; ទទួល, ព្រមទទួល; ត្រូវការ; ជឿតាម; ប្រកាន់; ប្រកាន់តាម ។ ល។ : យកប្រាក់ទៅទិញស្រូវ; យកកូនទៅជាមួយផង; យកពាក្យគេ; យកគ្រូមកមើលជំងឺ ។ ល ។ យកការប្រាក់ ទទួលចំណេញលើសពីចំនួនប្រាក់ដើមដែលចងការឲ្យគេ ។ យកកំណើត ចាប់កំណើត ។ យកក្ដី ( ព. បុ. ) ប្រកាន់ទោស, ចាប់ដំណើរ ។ យកខុស ចាប់ខុស, ចាប់ប្រកាន់ថាខុស ។ យកខ្លួនពុំរួច ដោះខ្លួនពុំរួច ( ពីទុក្ខទោស ) ។ យកគាប់គួរ ផ្គាប់ផ្គុនឲ្យមានសេចក្តីគាប់គួរ ។ យកគុណ ឬ យកគុណយកស្រ័យ ទទួលបំណាច់គុណ, ទារគុណ, តវ៉ាថាខ្លួនមានគុណលើគេ ។ យកគំនិត ជឿតាមគំនិត : យកគំនិតគេ ។ យកចិត្ត ឬ យកចិត្តយកថ្លើម អនុលោមតាមឲ្យត្រូវចិត្តគេ, ផ្គាប់តម្រូវតាមចិត្តគេ ។ យកចិត្តទុកដាក់ ធ្វើសេចក្តីអើពើពុំប្រហែសធ្វេស ។ យកចំណេញ លៃលកឬគិតគៃឲ្យមានចំណេញ។ យកចំណេះ រៀនឲ្យបានចេះ ។ យកជ័យ ធ្វើឲ្យមានជ័យ, ដណ្តើមឲ្យមានជ័យ ។ យកជាកូន ទទួលប្តេជ្ញាឬព្រមទទួលអ្នកដែលមិនមែនកូនថាជាកូន ។ យកជាគ្នា ទទួលរាប់រកឲ្យបានជាគ្នា;...។ យកជាតិ ចាប់ជាតិ ចាប់កំណើត ។ យកជើងកប តែងតែធ្វើឲ្យមានសេចក្តីអន្តរាយរៀងរាល់ឆ្នាំ : កំពង់យកជើងកប កំពង់ដែលតែងតែមានមនុស្សស្លាប់ដោយលង់ទឹកឬដោយក្រពើខាំជាដើម ( ម. ព. ជើងកបផង ) ។ យកជើងរាទឹក ដាក់ជើងទៅក្នុងទឹករាមិនឲ្យទូកលឿនទៅមុខ ។ ព. ប្រ. ជំទាស់ដំណើរមិនឲ្យប្រព្រឹត្តទៅបាន ។ ព. ទ. បុ. បើមិនជួយចូកជួយចែវកុំយកជើងរាទឹក បើមិនជួយប្រឹងប្រែងខ្នះខ្នែងទេ កុំជំទាស់ឲ្យខូចការ ។ យកឈ្នួល ទទួលឈ្នួល ។ យកឈ្នះ ធ្វើឲ្យបានឈ្នះ, ខំប្រឹងឲ្យមានជម្នះ ។ យកឈ្មោះ ឬ យកកេរ្តិ៍ឈ្មោះ ធ្វើអោយមានឈ្មោះល្អចំពោះមកលើខ្លួន : ធ្វើការយកឈ្មោះ ។ យកដៃ ជួយធ្វើការឲ្យគេដើម្បីឲ្យគេជួយធ្វើការខ្លួនវិញតាមកំណត់វេលា ដែលហៅថា សងដៃ (អ្នកស្រុកខ្លះហៅថា យកវេរ; សងវេរ)។ យកដំបូន្មាន ទទួលធ្វើតាមពាក្យដំបូន្មាន។ យកតម្រាប់ ធ្វើតាមតម្រាប់។ យកទោស ប្រកាន់ទោស, ប្រកាន់ថាមានទោស ។ យកទោសយកពៃរ៍ ប្រកាន់ទោសកំហុសព្រមទាំងចងពៀរផង ( ម. ព. ពៃរ៍ ផង ) ។ យកទ្រព្យគេ ខ្ចីទ្រព្យគេមក ឬលួចទ្រព្យគេ ។ យកបុណ្យ ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយជឿជាក់ថាបានបុណ្យ ។ យកបែប ធ្វើតាមបែប, ចម្លងបែប ។ យកប្តី ព្រមមានប្តី។ យកប្រពន្ធ ព្រមមានប្រពន្ធ ។យកពន្ធ ហូតពន្ធ, ទារពន្ធ ។ យកពាក្យ ជឿតាមពាក្យ ។ យកមាត់យកពាក្យ ទទួលព្រមឬជឿតាមពាក្យដែលគេថា ។ យកមុខ ឬ យកមុខយកមាត់ វាតអាទិ៍ឬជែកជែងធ្វើឲ្យមានមុខឈ្មោះចំពោះមកលើខ្លួន, ធ្វើឲ្យគេសរសើរខ្លួនម្នាក់ឯង ។ យកមែន យកជាមែន, ប្រាកដជាយក; រាប់ថាជាមែន, សំដៅតែត្រង់មែន។ យកសុខ ឲ្យបានសុខ : ខំអត់យកសុខ, ស្ងៀមយកសុខ, កាន់សីលយកសុខ ។ យកសម្តី កាន់ឬជឿតាមសម្តី ។ ព. ទ. បុ. មនុស្សយកសម្តី ដំរីយកភ្លុក មនុស្សយកសម្ដីជាការប្រាកដ, ឯដំរីយកត្រង់ភ្លុក ។ យកអង្វរ ទទួលព្រមតាមពាក្យអង្វរ ។ យកអាយុ ជួយសង្គ្រោះឲ្យមានអាយុជីវិត គឺជួយឲ្យរួចពីសេចក្ដីស្លាប់ ។ យកអាសា ជួយឈឺឆ្អាលតាមបំណងគេ, ជួយរ៉ាប់រង ភារៈតាមបំណងគេដោយពេញកម្លាំង ។ ល ។ ( ម. ព. អាសា ទៀតផង ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

នោះ ណា ហៅ ចិត្ត ផ្សេង មនុស្ស ចេញ នូវ ខ្លួន កើត ផង កិច្ច ទទួល និយាយ ប្រទេស កា អាច មុខ ចុះ កំណត់ ចូល ភាព ធំ រដ្ឋ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.