ទឹក
- ន (បា. ទក) ធាតុរាវ, តាមកំណើតដើមឥតព័ណ៍ ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាប់ពួកមនុស្ស សត្វ, មានត្រូវផឹក, ងូតជាដើម ។ ទឹកកក ន. ដុំទឹកដែលកកដោយអាកាសត្រជាក់ខ្លាំង ឬដោយគ្រឿងម៉ាស៊ីនធ្វើឲ្យកក ។ ទឹកកាម ទឹកខាប់អន្លាយស្អិតដែលឃ្លាតចេញចាកកាយតាមបស្សាវមគ្គ... (ព. ព. ។ ព. គ. ទឹកអសុចិ ឬ ទឹកសុក្កៈ; ព. ខ្ព. អសុចិ ឬ សុក្កៈ) ។ទឹកក្រុត ថ្នាំរាវសម្រាប់បង្កាត់លោហជាតិ ។ ទឹកក្លស់ទឹកស័ង្ខ ទឹកមង្គលដែលស្រោចលើព្រះសិរព្រះរាជា ក្នុងកាលដែលអភិសេកឲ្យពេញទីស៊ប់ជាព្រះមហាក្សត្រទ្រង់រាជ្យ (ហៅមុទ្ធាភិសិត្តរាជ្យ )។ ទឹកខ្មេះ ទឹកជូរដែលកើតអំពីបាយស្រាជាដើម ។ ទឹកខ្មៅ ទឹកមានព័ណ៌ខ្មៅ ឬមានព័ណ៌ដោយយ៉ាងៗសម្រាប់សរសេរ (ម. ព. ទឹកសរសេរ ) ។ទឹកគ្រឿង ទឹកជ្រលក់អន្លក់ធ្វើដោយត្រីសាបឬត្រីឆ្អើរលាយនឹងព្រហក់ឬកាពិនិងគ្រឿងច្រើនមុខមានម្ជូរនិងស្លឹកជីរខ្ទឹមជាដើម ។ ទឹកឃ្មុំ ទឹកផ្អែមដែលឃ្មុំបង្កើតក្នុងសំបុក ។ ទឹកច័ណ្ឌ ( ម. ព. ចណ្ឌ ឬ ច័ណ្ឌ )។ ទឹកចត់ ឬ ទឹកអម្ចត់ ទឹកមានរសចត់ គឺទឹកជ្រលក់ចីវររបស់ពួកបព្វជិតក្នុងព្រះពុទ្ធសាសនា ។ ទឹកចិត្ត (—ចិត) ទឹករក្សាចិត្ត គឺទឹកដែលនៅក្នុងបេះដូង, ចិត្ត ។ ទឹកឆា ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយ មានទឹកថ្លាស្អាតហូរជានិច្ច នៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម ។
ទឹកឈូ ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយមានទឹកថ្លាស្អាតហូរជានិច្ចនៅក្នុងខេត្តកំពត ។ ទឹកដប់ ឈ្មោះមាសមួយប្រភេទ ដែលល្អវិសេសជាងមាសទាំងពួង : មាសទឹកដប់ ។ ទឹកដម (ម. ព. ដម )។ ទឹកដូង ទឹកដែលកើតនៅក្នុងផ្លែដូង ( ម. ព. ចាក់ទឹកដូង ) ។
ទឹកដោះ ទឹកដែលចេញពីដោះ មានព័ណ៌សមានរសផ្អែម : ទឹកដោះមនុស្ស, ទឹកដោះគោ, ទឹកដោះពពែ... ។ ទឹកដោះខាប់ ទឹកដោះគោដែលគេរំងាស់ឲ្យខាប់ ( ម. ព. គោរស ផង ) ។ ទឹកដោះខ្លា ឈ្មោះស្មៅមួយប្រភេទ ។ ទឹកដោះជូរ ទឹកដោះគោដែលគេទុកឲ្យជូរ (ម. ព. គោរស ផង) ។ ទឹកដោះជូរឡើងពពុះ ទឹកដោះគោដែលគេទុកឲ្យឡើងពពុះ (ម. ព. គោរស ផង) ។ ទឹកដោះថ្លា ទឹកដោះគោដែលគេរំងាស់ទាល់តែឡើងថ្លា (ម. ព. គោរស ផង )។ ទឹកដោះរាជសីហ៍ (—រាជៈសី ) ឈ្មោះស្មៅមួយប្រភេទ ។ឈ្មោះចេកមួយប្រភេទ ។ ទឹកដោះស្រស់ ទឹកដោះដែលនៅស្រស់ (ម. ព. គោរស ផង ) ។ ទឹកត្នោត ទឹកដែលស្រក់អំពីមុខផ្កាត្នោតគាប ។ ទឹកត្រី ទឹកប្រៃមានព័ណ៌លឿងឬក្រហម ធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល ។ ទឹកនោម ទឹកមានក្លិនឆ្អេះដែលមនុស្សឬសត្វបញ្ចេញពីក្នុងកាយតាមបស្សាវមគ្គ( ព. រ. ហៅទឹកមូត្រ; ព. ខ្ព. ហៅ បស្សាវៈ ឬ ទឹកបស្សាវៈ ។ ទឹកបន្សារ គ្រឿងលាយសម្រាប់ផ្សារលោហជាតិឲ្យជាប់គ្នា ។ ទឹកបស្សាវៈ (ម. ព. បស្សាវៈ ) ។ ទឹកបាន (សំ. បា. បាន " ទឹកដែលគួរផឹកបាន, ទឹកសម្រាប់ផឹក" )ទឹកដែលមានពុទ្ធានុញ្ញាតឲ្យពួកបព្វជិតក្នុងព្រះពុទ្ធសាសនាប្រើជាភេសជ្ជៈបាន (ម. ព. អដ្ឋបាន ) ។ ទឹកបាយ ទឹកដែលជាត់សម្រេងចេញពីអង្ករស្ងោរដើម្បីនឹងផ្ងំអង្ករនោះឲ្យងំកើតបានជាបាយ ។ ទឹកផុស ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ឆ្នាំង ។ ទឹកពិភទ្ទសច្ចា (ម. ព. ពិពឌ្ឍនសច្ចា ) ។ ទឹកភ្នែក ទឹកដែលចេញពីភ្នែកដោយមានអ្វីចូល, ដោយប៉ះទង្គិច ឬដោយយំជាដើម ។ ទឹកភ្លៀង ទឹកដែលធ្លាក់ចុះអំពីអាកាស មិនទាន់ប្រែឈ្មោះដើមនៅឡើយ : ងូតទឹកភ្លៀង, ត្រូវទឹកភ្លៀង ។ទឹកភ្លោះ ទឹកដែលហៀរចេញពីទ្វារមាសមាតា ក្នុងពេលមុនដែលទារកនឹងសម្រាលចេញមក; កាលដែលទឹកនេះចេញមក គេហៅថា បែកទឹកភ្លោះ ។ ទឹកមន្ត (—មន់) ទឹកមង្គលដែលព្រះសង្ឃសូត្រចម្រើនពុទ្ធមន្ត ឬទឹកដែលអ្នកចេះមន្តអាគមសូត្រកូរផ្លុំ សម្រាប់ស្រោច ងូត បង្ការខ្លួន ឬជម្រះចង្រៃ (តាមទម្លាប់អ្នកជឿ) ។ ទឹកមាត់ ធាតុទឹកខាប់បន្តិចដែលកើតក្នុងមាត់ជាធាតុផ្សើមមាត់ឲ្យសើមជានិច្ច។ ទឹកមាស ប្រេងរាវស្អិតលាយកម្ទេចផង់មាសឬស្ពាន់ សម្រាប់លាបគ្រឿងរចនាផ្សេងៗ។ ទឹកមូត្រ (ម. ព. មូត្រ ) ។ ទឹករងៃ ន. ទឹកដែលហូរចេញអំពីសាច់ត្រូវរបួសជិតនឹងពងខ្ទុះ ។ ទឹកសរសេរ ទឹកមានព័ណ៌ផ្សេងៗ សម្រាប់ប្រើសរសេរ : ទឹកសរសេរខ្មៅ, ទឹកសរសេរក្រហម, ទឹកសរសេរស្វាយ, ទឹកសរសេរខៀវ...; ខ្មែរយើងហៅតាមទម្លាប់ថា ទឹកខ្មៅ ទាំងអស់ : ទឹកខ្មៅខ្មៅ, ទឹកខ្មៅក្រហម, ទឹកខ្មៅស្វាយ, ទឹកខ្មៅខៀវ... (ហៅ ទឹកសរសេរ ទើបសម) ។ ទឹកស៊ីអ៊ីវ(ចិ.) ទឹកសម្បុរក្រមៅធ្វើពីគ្រាប់សណ្ដែកសៀង សម្រាប់ប្រើការផ្សំនឹងម្ហូបឬអាហារណាមួយ ដែលគួរប្រកប ។ ទឹកសំបថ (—បត់) ទឹកដែលពួកមនុស្សតាំងសច្ចាប្រណិធានស្បថ ទៅវិញទៅមក ហើយផឹកដោយសេចក្ដីប្ដេជ្ញាគ្នាយ៉ាងតឹងក្នុងកិច្ចការណាមួយ ដែលជាអំពើទាស់ខុសនឹងច្បាប់សម្រាប់ប្រទេសដែលខ្លួននៅ ។ទឹកសំបួរ ទឹកដែលគេអប់ដោយផ្សែងទៀនក្រមួនឃ្មុំ ហើយដាក់ផ្លែសំបួរទុំ ឬដាក់ចំណិតផ្លែក្រូចសើចលាយខ្លះផងក៏មាន សន្មតថាជាទឹកមង្គលក្នុងការនិមន្តភិក្ខុសង្ឃសូត្រព្រះបរិត្តឲ្យកើតស្រីសួស្ដី . . . ។ ទឹកសំឡេង សូរស័ព្ទសំឡេងពីរោះឬមិនសូវពីរោះក៏ហៅ ទឹកសំឡេង បាន ។ ទឹកអប់ ទឹកក្រអូបកើតដោយអប់, ដោយចំហុយជាមួយនឹងគ្រឿងក្រអូបផ្សេងៗមានផ្កាជាដើម ។ទឹកអម្ចត់ (—អំម្ចត់ ) (ម. ព. ទឹកចត់) ។ ទឹកអម្រឹត ( ម. ព. អម្រឹត ) ។ ទឹកអំពៅ ទឹកផ្អែមដែលគេគាបយកពីដើមអំពៅ ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
តែ មក ព្រះ គេ ឱ្យ ក៏ ដល់ ទាំង ឈ្មោះ ដើម្បី ប្រភេទ សេចក្ដី ទៀត កាល នោះ ណា ហៅ ចិត្ត ផ្សេង មនុស្ស ចេញ នូវ ខ្លួន កើត
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.